កាលបរិច្ឆេទ: ០៧ ធ្នូ ២០២២
កាសែតខ្មែរថាមស៍បានចុះផ្សាយថា ស្ករត្នោតកំពង់ស្ពឺដែលទទួលស្គាល់ពីសំណាក់សហគមន៍អឺរ៉ុបថាជាផលិតផលសម្គាល់ភូមិសាស្រ្ត នឹងមានវត្តមាននៅលើទីផ្សារចិននៅឆ្នាំក្រោយនេះហើយ។
កាសែតដដែលនេះបានបន្តទៀតថា បើតាមការឲ្យដឹងរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ(KSPA) ស្ករត្នោតប្រមាណ២០តោនដែលស្មើនឹង៣០%នៃការនាំចេញសរុប គ្រោងនឹងនាំចេញទៅប្រទេសចិននៅឆ្នាំក្រោយនេះហើយ។ សមាជិកសមាគមម្នាក់បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «យើងបានផ្ញើស្ករត្នោតទៅប្រទេសចិនឲ្យគេភ្លក់មើល ហើយក្រុមហ៊ុនចិនបានធ្វើការកុម្ម៉ង់ក្រៅផ្លូវការប្រមាណ២០តោនមកកាន់សមាគមយើងសម្រាប់ឆ្នាំក្រោយ»។
តាមរយៈក្រុមហ៊ុននាំចេញដែលជាដៃគូសហការ ឆ្នាំនេះសមាគម KSPA នាំចេញស្ករត្នោតប្រភេទជាម្សៅបានចំនួន៧៦តោន និងប្រភេទជាគ្រាប់ស្ករបានចំនួន២,៣តោន។ ទីផ្សារសំខាន់ជាងគេសម្រាប់ការនាំចេញនេះគឺសហគមន៍អឺរ៉ុប បន្ទាប់មកគឺសហរដ្ឋអាមេរិក ជប៉ុន តៃវ៉ាន់ និងថៃ។
ឯកឧត្តមឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កាសែតខ្មែរថាមស៍ថា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងប្រទេសចិន និងកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ សម្រាប់តម្លៃស្ករត្នោតដែលសមាគមលក់ចេញគឺចន្លោះពី១,២៥ ទៅ១,៧៥ ដុល្លារក្នុងមួយគីឡូក្រាម។ ស្ករត្នោតកំពង់ស្ពឺត្រូវបានចុះបញ្ជីជាផលិតផលដែលត្រូវការពារដោយសហគមន៍អឺរ៉ុបកាលពីឆ្នាំ២០១៩ ដោយប្រើឈ្មោះ «ស្ករត្នោតកំពង់ស្ពឺ»។ ផលិតផលនេះបានក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត(IG)កម្ពុជាទីពីរបន្ទាប់ពីម្រេចកំពតកាលពីខែកុម្ភៈ ឆ្នាំ២០១៦៕